បាត់ដំបង៖ នៅព្រឹកថ្ងៃអង្គារ ៦កើត ខែអស្សុជឆ្នាំរោង ឆស័ក ព.ស២៥៦៨
ត្រូវនឹងថ្ងៃទី០៨ខែ តុលា ឆ្នាំ២០២៤
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលនៃគណៈអភិបាលស្រុកថ្មគោលដែលពិធីនេះមានការអញ្ជើញចូលរួម ពីកងកម្លាំងទាំង៣ មន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការសាលាស្រុកថ្មគោល ។
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា ការតែងតាំង ផ្លាស់ប្តូរ បញ្ចប់ភារកិច្ច គឺជារឿងធម្មតារបស់មន្ត្រីរាជការមុខងារសាធារណៈ ហើយវាក៏ ជាការឆ្លើយតបទៅនឹងកំណែទម្រង់កាន់តែស៊ីជម្រៅរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃនីតិកាលរដ្ឋសភា។
ក្នុងនោះ ដោយពិនិត្យទៅលើលក្ខណៈសម្បត្តិ ចំណេះដឹង បទពិសោធន៍ និងអតីតភាពការងារកន្លងមក ទើបរដ្ឋបាលខេត្ត បានលើកសំណើទៅក្រសួងមហាផ្ទៃ ហើយក្រសួងមហាផ្ទៃលើកសំណើបន្តជូនរាជរដ្ឋាភិបាល ដើម្បីស្នើសុំផ្ទេរភារកិច្ចលោក តេង គឹមស៊ានពីនាយករងរដ្ឋបាលខេត្តបាត់ដំបង មកជាអភិបាលស្រុកថ្មគោល ជំនួសលោក ជា សម្បត្តិ ដែលត្រូវបានផ្ទេរភារកិច្ច ទៅជាប្រធានក្រុមប្រឹក្សាស្រុកថ្មគោល វិញ។
ឯកឧត្តម អភិបាលខេត្ត ក៏បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងស្រុកថ្មគោល ដែលបានរួមសាមគ្គីសហការគ្នា ខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអនុវត្ត កម្មវិធីនយោបាយនានារបស់រាជរដ្ឋាភិបាល ដោយបានជំរុញការអភិវឌ្ឍស្រុកថ្មគោល ឲ្យសម្រេចបាន សមិទ្ធផល និងមានការរីកចម្រើនលើគ្រប់វិស័យ។
ទន្ទឹមនេះ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក៏បានខិតខំរួមសាមគ្គីសហការគ្នា ខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍមូលដ្ឋានឲ្យ មានការរីកចម្រើនលើគ្រប់វិស័យ រួមមានការផ្តល់សេវាសាធារណៈ ការអភិវឌ្ឍមូលដ្ឋាន ការជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះធម្មជាតិ គ្រោះថ្នាក់នានា ការថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសបានយកចិត្តទុកដាក់ចូលរួមយ៉ាងសកម្ម និងប្រកបដោយ ភាពម្ចាស់ការ ក្នុងការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្តក៏បានស្នើដល់ក្រុមប្រឹក្សាស្រុក អភិបាល អភិបាលរងស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋទាំងអស់នៃរដ្ឋបាលស្រុកថ្មគោល សូមផ្តល់ការគាំទ្រ និងរួមសហការជាមួយលោក តេង គឹមស៊ាន អភិបាលស្រុកដែលទើបផ្ទេរភារកិច្ច នាថ្ងៃនេះ ដើម្បីរួមគ្នាថែរក្សា ការពារ សន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងខិតខំរួមសាមគ្គីគ្នាធ្វើការអភិវឌ្ឍស្រុកថ្មគោល ក្នុងខេត្តបាត់ដំបងឲ្យមានការរីកចម្រើនលើគ្រប់វិស័យជាបន្តទៀតស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕
No comments:
Post a Comment