បាត់ដំបងព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ លោកស្រេង សុខា អភិបាលនៃគណ:អភិបាល ស្រុកបាណន់ និងប្រធានសាខាកាកបាទក្រហមប្រចាំស្រុកបាណន់ បានដឹកនាំក្រុមការងាររដ្ឋបាលស្រុក នាំយកនូវអំណោយរបស់កាកបាទក្រហមកម្ពុជាស្រុកបាណន់ ផ្តល់ជូនគ្រួសាររងគ្រោះដោយអគ្គីភ័យឆេះផ្ទះចំនួន៦គ្រួសារ ដែលក្នុង១គ្រួសារៗ ទទួលបាន ថវិកា៥០,០០០រៀល, អង្ករ៥០គីឡូ, សំពត់កៅស៊ូតង់១ផ្ទាំង, ធុងទឹក១ កាទឹក១, ទឹកត្រី ទឹកស៊ីអ៊ីវ ១យួរៗ, មុង ភួយ សារុង ក្រមា ១ៗ , មី១កែស , ខ្ទះ១ និងទឹកបរិសុទ្ធ១កែស និងលោកតាលោកយាយ មានអាយុ១០១ឆ្នាំ រស់នៅក្នុងបន្ទុក ម្នាក់ៗ ៥០,០០០រៀលន្ថែម ។
កន្លងមកសង្កេតឃើញថាពេលដែលពលរដ្ឋជួបប្រទះនូវបញ្ហាហេតុការណ៍គ្រោះថ្នាក់ផ្សេងៗលោក ស្រេង សុខា អភិបាល នៃគណៈអភិបាលស្រុកតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ ជនក្រីក្រគ្រប់ប្រភេទ។
ជាក់ស្តែងដូចជាបងប្អូនប្រជាពលរដ្ឋក្រីក្រដែលជួបរងគ្រោះដោយសារអគ្គីភ័យចំនួន ៦គ្រួសារ ដែលរស់នៅក្នុងភូមិអង្គត់ធ្នង់ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង នាពេលនេះ ជាសក្ខីភាពស្រាប់ ដោយមិនប្រកាន់រើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល»៕
No comments:
Post a Comment